សង្គម

ទាហានថៃឃាត់ខ្លួនពលករខ្មែរ ១៦នាក់ លួចឆ្លងដែនចូលរកការងារធ្វើ

ពលករខ្មែរចំនួន ១៦ នាក់ ត្រូវបានក្រុមទាហានឈុតពិសេសរបស់ថៃ ចាប់ខ្លួន ខណ:ដែលពួកគេលបឆ្លងដែនចូលទឹកដីថៃរកការងារធ្វើដោយខុសច្បាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចភ្នំកូនដំរី ក្នុងភូមិ១៤ឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។

តាមសារព័ត៌មានថៃថា ពលករខ្មែរចំនួន១៦ នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយបាននាំគ្នាដើរកាត់តាមចំការ ស្របពេលដែលកម្លាំងទាហានឈុតពិសេសថៃ សហការជាមួយកម្លាំងតម្រួតព្រំដែន កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស៩ និង ស្រី៧ នាក់ ។

ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេមកពីខេត្តបន្ទាយមានជ័យ ដោយបានប្រមូលផ្តុំគ្នានៅក្នុងឃុំល្មៀត ស្រុកថ្មពួក ដោយមានមេខ្យល់នាំផ្លូវនិងត្រូវចំណាយម្នាក់ៗ ចាប់ពី ៤.៥០០ បាត ទៅ ៩.០០០ បាត និងត្រូវដើរកាត់ចំការដើម្បីឡើងទៅលើផ្លូវជាតិលេខ ៣០៨៥ ត្រង់ចំណុច បានណាងង៉ាម ចំណែកលុយកាកគឺបានប្រគល់ទៅអោយមេខ្យល់តាំងពីនៅដីខ្មែរម៉្លេះ ដែលក្នុងមនុស្សទាំង ១៦ នាក់ គោលដៅដែលត្រូវទៅធ្វើការគឺ ក្រុងបាងកក ៨ នាក់ ខេត្តប៉ាធុំថានី ៣ នាក់ ខេត្តសមុទ្រប្រាកាន ១ នាក់ ខេត្តនគររាជសីមា ៣ នាក់ និង ខេត្តរ៉ាក់យ៉ង ១ នាក់ ។

ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ និងបានបញ្ជូនទៅអោយអធិការដ្ឋានតម្រួត ស្រុកតាប្រាក់យ៉ា ដើម្បីអនុវត្តតាមនីតិវិធី ៕