កណ្ដាល៖ ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ២១បេត្រើយខាងកើតសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះមន្ទីរបរិស្ថានខេត្តកណ្ដាលដែលពុំមានចំណាត់ការលើបញ្ហាសំរាមដ៏គគ្រិច កកស្ទះ គរដូចជាភ្នំនៅក្នុងបាតព្រែកថ្មី ស្ថិតនៅភូមិកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមប្រភពពីអ្នកធ្វើដំណើរបានឲ្យ បានដឹងថា បញ្ហាសំរាមនៅក្នុងព្រែកថ្មីនេះ បានកើតមានយូរយារណាស់មកហើយតាំងពីជំនាន់ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលចាស់មកម្ល៉េះ ហើយប្រធានមន្ទីរបរិស្ថានទើបឡើងកាន់ដំណែងថ្មីក៏ប្រហែលជាគាត់មិនទាន់ទទួលបានព័ត៌មានពីបញ្ហាសំរាមនេះនៅឡើយ ឬមួយក៏ដឹងហើយតែធ្វើជាមិនដឹង ព្រោះអសមត្ថភាពក្នុងដោះស្រាយ។
ប្រភពដដែលបានបន្តទៀតថា នេះទឹកស្រកផង បើពេលទឹកឡើងវិញបញ្ហាសំរាមក្នុងព្រែកថ្មីមិនដឹងហូររសាត់អណ្ដែតទៅដល់ណាខ្លះទេ និយាយជារួមបញ្ហាសំរាមនេះជាប្រភពមេរោគ បំពុលទឹក បំផ្លិចបំផ្លាញប្លង់តុងសម្រាប់ត្រី និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទៀតផង។
យ៉ាងណាមិញ ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរបានសំនូមពរឱ្យថ្នាក់ដឹកនាំក្រសួងបរិស្ថានជាពិសេសឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាជួយអន្តរាគមន៍ចំពោះបញ្ហាសំរាមខាងលើនេះដោយសេចក្ដីអនុគ្រោះផងចុះ ព្រោះសំរាមជាប្រភពដែលធ្វើឲ្យកង្វក់ទឹក ប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ បំផ្លិចបំផ្លាញសុខភាពសាធារណៈខ្លាំងណាស់។
គួរបញ្ជាក់ថា លោក ពៅ សោមាណាក់ កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១កន្លងថ្មីៗនេះ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលថ្មីក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការអញ្ជើញរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។
គួរបន្ថែមថាកាលគ្រានោះឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានផ្ដល់អនុសាសន៍មួយចំនួនជូនលោកប្រធានបរិស្ថានថ្មីដូចតទៅនេះ៖
១-ត្រូវខិតខំបំពេញការងារ ឲ្យអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់។
២-ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងថ្នាក់ដឹកនាំមន្ទីរ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវចេះគោរព ស្រលាញ់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ គោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការងារដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពម្ចាស់ការ តាមតួនាទី ភារកិច្ចរបស់ខ្លួន។
៣-ត្រូវមានកិច្ចសហការ និងទំនាក់ទំនងការងារល្អ ជាមួយមន្ទីរ អង្គភាព ស្ថាប័ន ដៃគូអភិវឌ្ឍន៍នានា ជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់
៤-ត្រូវមានផែនការ ការងារច្បាស់លាស់ ចំគោលដៅ និងការគ្រប់គ្រងរដ្ឋបាល អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីគុណភាព ប្រសិទ្ធភាពការងារ និងអ្នកបន្ដវេន។
៥-ត្រូវមានការតាមដាន ត្រួតពិនិត្យវាយតម្លៃការអនុវត្តការងារ និងលើកទឹក ចិត្ត សរសើរដល់មន្ដ្រីក្រោមឱវាទ ដែលអនុវត្តការងារបានល្អ។
៦-ត្រូវយកចិត្តទុកដាក់បំពេញតួនាទីជាសេនាធិការឱ្យរដ្ឋបាលខេត្ត លើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងបំពេញការងារតាមភារកិច្ចដូចមានចែងនៅក្នុង មាត្រា៨ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានល្អប្រសើរ៕
ដោយ:សុិន ខ្វាន់ឆា
ផ្តល់ព័ត៌មាន:010840732,061881299