សង្គម

ឃាត់ខ្លួន​មនុស្ស​៥នាក់ ករណី​លួច​កត់កន្ទុយ​លេខ

ជនសង្ស័យចំនួន ៥នាក់ ដែល២នាក់ជាអ្នកកត់ឆ្នោត​ និង​៣នាក់ជាអ្នកចាក់ ត្រូវ​បានកម្លាំង​គណៈ​បញ្ជា​ការ​ឯកភាពខណ្ឌទួលគោក ធ្វើការ​ឃាត់​ខ្លួន និង​បញ្ជូនទៅកាន់​អធិការដ្ឋាន​នគរបាលខណ្ឌទួលគោក ពាក់ព័ន្ធនឹងករណីលួច​កត់កន្ទុយលេខឆ្នោតវៀតណាម នៅ​ចំណុច​ផ្ទះលេខ១០២ ក្នុង​សង្កាត់ផ្សារ​ដេប៉ូទី៣។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ​ប្រតិបត្តិការ​នេះ បានធ្វើឡើងកាលពី​វេលា​ម៉ោង ៣ រសៀល ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ ដោយ​សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ថា ទីតាំង​ផ្ទះ​ពិសី លី​ហួរ វេ​លុយ​នេះ មាន​បង្កប់​ល្បែងស៊ីសង ដោយ​យក​ការ​វេរ​លុយ ឬ​ដាក់​លុយ បាំង​ភ្នែក អាជ្ញាធរ លួច​បើក​កត់​ឆ្នោត​វៀតណាម ហើយ​មនុស្ស ចេញចូល ជា​ហូរហែ​។

​រហូតដល់​រសៀល​ថ្ងៃទី​៣១ ខែសីហា កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ សុំ​ការអនុញ្ញាត ចុះបង្ក្រាប​ជាក់ស្ដែង​តែម្ដង ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ចំនួន ៥ នាក់ ក្នុងនោះ​ស្រី ៣ នាក់ និង​វត្ថុតាង​មួយចំនួន​៕