នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលកំពុងប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម មេត្តាប្រុងប្រយ័ត្ននូវល្បិចកលឆបោកដោយប្រើប្រាស់មធ្យោបាយមនោសញ្ចេតនា (Romantic Scam) ដោយវាបាននិងកំពុងកើតឡើងជាច្រើនករណីហើយ។
ក្នុងនោះ នាយកដ្ឋានព័ត៌មានវិទ្យា ក៏បានលើកយកល្បិចឆបោកមួយចំនួន ដែលជនខិលខូចបានប្រើប្រាស់ដូចជា៖
១- ជនខិលខូចធ្វើការប្រមូលព័ត៌មានពាក់ព័ន្ធនឹងជនរងគ្រោះគោលដៅ (Target Victims) លើបណ្តាញអ៊ីនធឺណិត ដើម្បីរៀបចំគម្រោងឆបោករបស់ពួកគេ
២- ជនខិលខូចចាប់ផ្តើមធ្វើការភ្ជាប់ទំនាក់ទំនងជាមួយជនរងគ្រោះ តាមរយៈកម្មវិធីបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ តួយ៉ាងដូចជាកម្មវិធីហ្វេសប៊ុក កម្មវិធីសារអឡិចត្រូនិក (Telegram, WhatsApp, Line, Messenger)
៣- ជនខិលខូចធ្វើការតាមដានរាល់ព័ត៌មាន មតិយោបល់ ឬសកម្មភាពផ្សេងៗរបស់ជនរងគ្រោះលើបណ្តាញអ៊ីនធឺណិត ដើម្បីសន្និដ្ឋានទឹកចិត្ត និងសតិអារម្មណ៍របស់ជនរងគ្រោះ
៤- ជនខិលខូចធ្វើការជជែកលេងជាញឹកញាប់ជាមួយជនរងគ្រោះ ពិសេសនៅពេលដែលពួកគេមានបញ្ហាផ្លូវចិត្តក្នុងជីវិតឯកជន គ្រួសារ ឬជំនួញ។ល។
៥- នៅពេលដែលជនរងគ្រោះធ្លាក់ក្នុងអន្លង់មនោសញ្ចេតនាក្លែងក្លាយ ជនខិតខូចចាប់ផ្តើមអនុវត្តគម្រោងទុច្ចរិត តួយ៉ាងដូចជាការឆបោកប្រាក់ដោយហេតុផលផ្សេងៗ ការលួងលោមថតសកម្មភាព រូបភាពអាសអភាស ឬការណាត់ជួប និងបន្ទាប់មកប្រព្រឹត្តសកម្មភាពល្មើសផ្សេងៗ ជាដើម។
លើសពីនេះក្រុមការងារក៏បានសង្កេតឃើញផងដែរថា មានជនខិលខូចមួយចំនួនកំពុងធ្វើសកម្មភាពល្មើសពីក្រៅប្រទេស (ជនបរទេស) និងមានជនល្មើសមួយចំនួន (ជនបរទេស ឬជនជាតិខ្មែរ) ក៏កំពុងប្រព្រឹត្តសកម្មភាពទុច្ចរិតនេះក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។
អាស្រ័យដូចជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលកំពុងប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម មេត្តាប្រុងប្រយ័ត្ននូវល្បិចកលខាងលើ និងសូមធ្វើសេចក្តីរាយការណ៍ជូនមន្ត្រីមានសមត្ថកិច្ចនៅពេលបានដឹង ជួបប្រទះ ឬសង្ស័យថាជាប្រភេទបទល្មើសខាងលើនេះ៕