កំពង់ស្ពឺ ៖ ហាងកាហ្វេដែលលួចលាក់លេងល្បែងស៊ីសង «មាន់ជល់ ហាយឡាយ» មួយកន្លែងស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅតែបន្តបើកដំណើរការបានយ៉ាងរលូន ទោះបីជា កន្លងទៅថ្មីនេះៗ ធ្លាប់បានសមត្ថកិច្ច កោះហៅម្ចាស់ទីតាំងឲ្យធ្វើកិច្ចសន្យាចំពោះមុខច្បាប់ម្ដងរួចមកហើយក្តី ប៉ុន្តែម្ចាស់ទីតាំងខាងលើនេះ នៅតែគឃ្លើន គ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ។
តាមលោក យ័ន្ត សន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងគង បានថ្លែងថា ពាក់ព័ន្ធទៅនិងទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ គាត់គ្មានសមត្ថភាពទប់ស្កាត់ និងបង្ក្រាបឡើយ ក្រោមហេតុផល៖ «មាន ឆ្នោតឡូតូ ប្រភេទកាស៊ីណូអនឡាញ នៅពីក្រោយ»។
ចំណែកលោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានប្រាប់សារព័ត៌មាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះថា៖ «លោកនឹងបញ្ជារឲ្យមន្ត្រីក្រោមឱវាទ កោះហៅម្ចាស់ទីតាំងខាងលើនេះ មកធ្វើកិច្ចសន្យាសាជាថ្មីម្តងទៀត»។
ពាក់ព័ន្ធទៅនិងករណីខាងលើនេះ មហាជនជាច្រើនកំពុងតែរង់ចាំមើលចំណាត់ការរបស់លោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ តើលោកអធិការមានសមត្ថភាព បង្រ្កាបបទល្មើសខាងនេះបានដែរឬយ៉ាងណា?៕
ដោយ៖ សុិន ខ្វាន់ឆា
ផ្តល់ព័ត៌មាន:010840732,061881299