នៅថ្ងៃទី៣០សីហា ២០២១នេះ លោកជំទាវ ពេជ ចន្ទមុន្នី ប្រធានអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA បានសំដែងអារម្មណ៍សោកស្តាយចំពោះដំណឹងដ៏ក្រៀមក្រំនៃការបាត់បង់ជីវិតរបស់គ្រូពេទ្យ TYDA ម្នាក់។
អ្នកគ្រូពេទ្យដែលទើបទទួលមរណភាពនេះ ត្រូវបានបញ្ជាក់ថា មានឈ្មោះ អ៉ឹម ស្រីនិ ដែលជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងជាអ្នកគ្រូពេទ្យម្នាក់ ដែលគេស្គាល់ថា ជាពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩។
អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានឆ្លងជំងឺកូវីដ១៩ និងព្យាបាលនៅខេត្តព្រះសីហនុ ដោយសារស្ថានភាពជំងឺធ្វើទុក្ខខ្លាំង ក៏ត្រូវបញ្ជូនមកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រីមៀម សែនសុខ បានតែរយៈពេល២ថ្ងៃ ក៏ទទួលមរណភាព នៅវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល៕