សង្គម

មិនធម្មតា! គ្រឿងញៀន៥គីឡូក្រាម បន្លំដាក់ក្នុងបំពង់ជែល ផ្ញើតាមយន្តហោះពីអាហ្រ្វិក មក​កម្ពុជា

មន្ទីរប្រឆាំងគ្រឿងញៀន(ក១០) បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ដោយ​មាន​កិច្ច​សហការជាមួយគយ និងរដ្ឋាករប្រចាំឃ្លាំងទំនិញ (CARGO) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សមត្ថកិច្ច​បានធ្វើការត្រួតពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតី ដែលផ្ញើពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា តាមរយ:ក្រុមហ៊ុន DHL ហើយបានរកឃើញ​មាន​បង្កប់លាក់សារធាតុញៀន(រាវ)ប្រភេទ កេតាមីន( KETAMINE ) ក្នុងដបជរ័ពណ៌ស ម៉ាក ALOE GEL ចំនួន ៦០ដប មានទម្ងន់ ១០គីឡូក្រាម(គិតទាំងសំបក)។

ក្រោយ​ពីការ​រកឃើញ​ហើយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តការស៊ើបអង្កេត ដោយអនុវត្តតាមនីតិវិធីប្រគល់ដោយមានការឃ្លាំមើល សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឈានទៅចាប់ខ្លួន​មនុស្ស​ចំនួន៤នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ស្ថិត​ក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

មនុស្សទាំង៤នាក់នោះ សមត្ថកិច្ច​បានបញ្ជាក់អត្តសញ្ញាណថា ១.ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន E89753382, ២.ឈ្មោះ ឆូយ ប៊ុនវុទ្ធ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិ ខ្មែរ,​ ៣.ឈ្មោះ FU XIN MING ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន EE2807074, និង ៤.ឈ្មោះ HU XIAO HUI ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន EE7058599។

បច្ចុបបន្ន​ ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕