សង្គម

ស្ងាត់ៗ រៀបខឿនចូលសមុទ្រប្រុងព័ទ្ធយក, អាជ្ញាធរសម្រេចយកគ្រឿងចក្រវាយកម្ទេចចោល

សំណង់ខឿនចូលទៅ​ក្នុងសមុទ្រ​ ប្រុងនឹងវាតយកធ្វើកម្មសិទ្ធិ​មួយ​កន្លែង ស្ថិត​នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវ​អាជ្ញាធរ​ចុះទៅ​វាយកម្ទេច​ចោលគ្មានសល់កាលពីថ្ងៃម្សិលមិញនេះ (២៦ សីហា)។

បើយោងទៅតាមប្លង់ ការរៀបខឿនចូលសមុទ្រពីសំណាក់ជនអនាមិកនេះ មានទំហំរហូត ១.៤៥៨ម៉េត្រការ៉េ។

លោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា ការរៀបខឿននេះ គឺរំលោភចូលសមុទ្រជាទ្រព្យសម្បត្តិរបស់រដ្ឋទាំងស្រុង តែលោកស្រីមិនអាចបញ្ជាក់ថា ជននៅពីក្រោយរឿងនេះ ជានរណានោះទេ ដោយលោកស្រីថា «មិនស្គាល់ទេ»។

នៅជុំវិញឆ្នេរអង្កោល ការរៀបខឿនចូលសមុទ្រ ដើម្បីទន្រ្ទានធ្វើជាកម្មសិទ្ធិ មិនមែនជារឿងដែលទើបតែកើនឡើងថ្មីៗនោះទេ កន្លងមកករណីដូចគ្នានេះ បានកើតឡើងជាញឹកញយដង ហើយកន្លែងខ្លះក៏ជោគជ័យ កន្លែងខ្លះក៏ទើបតែរៀបហើយថ្មីៗ តែមិនទាន់ឃើញវិធានការរបស់រដ្ឋបាលស្រុក ក៏ដូចជារដ្ឋបាលខេត្ត ចាត់ចែងយ៉ាងណាចំពោះបញ្ហានេះនៅឡើយ។

យ៉ាងណាក៏ដោយចំពោះវិធានការរបស់អាជ្ញាធរថ្មីៗនេះ ​ប្រជាពលរដ្ឋនៅជាប់តំបន់ឆ្នេរ បានសម្តែងការសាទរ ចំពោះការអនុវត្តច្បាប់របស់អាជ្ញាធរ តែពួកគាត់សំណូមពរ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ចបន្តធ្វើបែបនេះទៅកន្លែងដទៃទៀតផង៕