កាលពីថ្ងៃម្សិលមិញនេះ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ទៅដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីការពារជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មី។ តើយើងអាចចាក់ដូសជំរុញនេះនៅពេលណា ហើយវ៉ាក់សាំងប្រភេទអ្វីដែលយើងនឹងត្រូវចាក់?
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល សម្រាប់មន្រ្តីបម្រើការជួរមនុស្ស, មនុស្សចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ គួរធ្វើឡើងនៅចន្លោះខែទី៤ និងខែទី៦ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូស។ ដោយឡែកសម្រាប់ប្រជាជនទូទៅផ្សេងទៀត ការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ គួរធ្វើឡើងនៅចន្លោះខែទី៦ និងខែទី៨ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូស។
ចំពោះវ៉ាក់សាំងសម្រាប់ចាក់ដូសជំរុញវិញ ក្រសួងបានបញ្ជាក់ថា ទោះប្រើវ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ គឺមិនបង្កឲ្យមានផលរំខានច្រើនលើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ ប៉ុន្តែការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញនេះ ថែមទាំងអាចបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ១៩ ប្រភេទដែលតា និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។
យ៉ាងណាក៏ដោយ ក្រសួងបានណែនាំអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬ Sinovac ជាវ៉ាក់សាំងមូលដ្ឋានចំនួន២ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចគ្នា ដូចជា Sinopharm ឬ Sinovac ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទផ្សេងគ្នា ដូចជាវ៉ាក់សាំងប្រភេទ Viral Vector (វ៉ាក់សាំង AstraZeneca) ឬវ៉ាក់សាំងប្រភេទ mRNA (វ៉ាក់សាំង Pfizer ឬ Moderna) ជាដូសជំរុញក៏បាន។
ដោយឡែកចំពោះអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចជា AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចគ្នា ដូចជា AstraZeneca ឬ Johnson & Johnson ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទ mRNa ដូចជាវ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញក៏បាន៕