សង្គម

ទីតាំងបនល្បែងស៊ីសង នៅតែបន្តបើកដំណើរការបានយ៉ាងរលូន ដោយមានការអនុញ្ញាតពីលោក សាន ប៉ែត នាយប៉ុស្តិ៍សង្កាត់ចោមចៅ២

ទីតាំងល្បែងស៊ីសងដុះស្លែខុសច្បាប់ «មាន់ជល់ហាយឡាយ» ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅបន្តប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់បានដោយរលូន ដោយមានការចូលរួមសហការឯកភាព ជាមួយលោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២ ។ នេះបើយោងតាមការអះអាងពីម្ចាស់ទីតាំង ដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន នៅថ្ងៃទី១៧សីហានេះ។

ម្ចាស់ទីតាំងបង្កើតបនល្បែងខាងលើបានបញ្ជាក់ថា៖ «មូលហេតុដែលខ្លួនបើកបនល្បែងស៊ីសងបានដោយរលូន ព្រោះមានការសហការ និងបង់លុយ ឲ្យទៅលោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២»។

ចំណែកឯលោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ២ បានថ្លែងប្រាប់សារព័ត៌មានយើងថា៖ «លោកមិនបានយកលុយពីកន្លែងល្បែងស៊ីសង ដូចការចោទប្រកាន់ពីម្ចាស់ទីតាំងខាងលើនោះឡើយ»។ ការឆ្លើយបដិសេធរបស់លោក សាន ប៉ែត បានធ្វើឲ្យមហាជនជាច្រើនបានពោលពាក្យថា៖ «បើលោកនាយប៉ុស្តិ៍មិនសហការបើកដៃឲ្យម្ចាស់ទីតាំង ហេតុអ្វី..? ទីតាំងល្បែងស៊ីសងខាងលើនេះនៅតែបន្តបើកដំណើរការបានដោយរលូន ម្យ៉ាងវិញទៀតម្ចាស់ទីតាំងនោះហ៊ាននិយាយចំៗ ដោយមិនខ្លាចច្បាប់»។

រីឯលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងប្រាប់សារព័ត៌មានថា លោកនឹងស៊ើបសួរករណីនេះ ហើយលោកនឹងធ្វើតាមច្បាប់វិន័យចំពោះមន្ត្រីនគរបាលណាប្រព្រឹត្តខុសច្បាប់។

ពាក់ព័ន្ធករណីខាងលើនេះមហាជនជាច្រើនសុំសំណូមពរដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សូមមេត្តាបើកការស៊ើបអង្កេតលើករណីខាងលើនេះផងទាន ជៀសវាងម្ចាស់ទីតាំងល្បែងស៊ីសង និងលោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលចោមចៅ២ ធ្វើអ្វីៗតាមតែអំពើចិត្ត៕

ជុំវិញទៅនិងការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបំភ្លឺបន្ថែមពីសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។

ទំនាក់ទំនងព័ត៌មាន:010840732,061881299