ក្នុងលិខិតផ្ញើជូនទៅប្រធានមន្ទីរទេសចរណ៍ទូទាំងប្រទេសនៅថ្ងៃនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានប្រាប់ឲ្យមន្ទីរទេសចរណ៍ទាំងអស់ បន្តផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេល៧ថ្ងៃ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍រាជធានីខេត្តទាំងអស់ ត្រូវចាត់តាំងក្រុមការងារដើម្បីតាមដាន ត្រួតពិនិត្យកិច្ចការនេះឲ្យបានម៉ត់ចត់ ដោយមិនត្រូវអនុញ្ញាតឲ្យមានសកម្មភាពទេសចរណ៍ណាមួយនៅតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងរយៈពេល នៃការបន្តផ្អាកជាបណ្តោះអាសន្ននេះជាដាច់ខាត៕