ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃនេះ បានប្រកាសថា សម្រាប់អ្នកជំងឺកូវីដ១៩ ដែលឆ្លងមេរោគបំប្លែងថ្មី Delta នឹងមិនអនុញ្ញាតឱ្យមានការព្យាបាលនៅតាមផ្ទះនោះទេ ហើយតម្រូវឱ្យទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងលិខិតមួយជូនដល់ប្រធានមន្ទីរសុខាភិបាលគ្រប់ខេត្តក្រុងថា យោងតាមការចាំបាច់ក្នុងការគ្រប់គ្រងការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសដោយផ្អែកទៅតាម ទិន្នន័យផ្នែកអេពីដេមីសាស្ត្រ នៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta Variant) ព្រមទាំង ការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លង និងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីក្នុងសហគមន៍ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើការព្យាបាលនៅតាមផ្ទះទេ ដោយតម្រូវឱ្យទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តាសុខភាពជាក់ស្តែងរបស់អ្នកជំងឺ។