តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រលឹមថ្ងៃទី១០ ខែសីហានេះ បានឲ្យដឹងថា បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជាកំពុងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ ក្នុងនោះ នៅថ្ងៃតី១១-១២ ខែសីហា កម្ពុជាក៏ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបពីប្រទេសចិន ហើយនៅថ្ងៃទី១៣-១៦ សីហា កម្ពុជាក៏ទទួលឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ក្នុងនោះក៏នឹងមានផ្នែកខ្លះ នៃបណ្តាខេត្តនៅភាគកណ្តាល និងភាគខាងត្បូងអាចមានភ្លៀងធ្លាក់ច្រើន។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីតិច ទៅបង្គួរ។
ដោយឡែកតំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅបង្គួរ៕