បើយោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅឃុំពោអង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា វង់អាប៉ោងដុះស្លែមួយកន្លែងនៅភូមិពោ បានបើកលេងតាំងពីព្រលឹម ទល់ព្រលប់ មានការជួបជុំមនុស្សកកកុញដោយមិនស្តាប់បំរាម ស្តីពីការរីករាលដាលជំងឺកូវីដ១៩ ខណៈដែលគេមិនឃើញអាជ្ញាធរចុះទៅបង្រ្កាបនោះទេ។
តាមការលើកឡើងរបស់ពលរដ្ឋថា វង់អាប៉ោងនេះលេងចាក់ភ្នាល់ធំៗណាស់ គឺរាប់ពាន់ដុល្លារ ហើយក្នុងបរិវេនទីតាំងមានលក់ស្រាបៀរ និងគ្រឿងក្លែមគ្រប់មុខទៀត ។ ពលរដ្ឋថា ការដែលគេហ៊ានធ្វើបែបនេះ ក៏ព្រោះម្ចាស់ទីតាំងល្បែងមានអ្នកកាងធំៗណាស់ ដោយសមត្ថកិច្ចល្មមៗមិនហ៊ានបង្ក្រាបឡើយ។
ពាក់ពន្ធ័ករណីខាងលើនេះ លោក ខាន់ ស៊ុន នាយប៉ុស្តិ៍នគរបាលឃុំពោអង្ក្រង បានថ្លែងថា លោកដឹងច្បាស់ណាស់ពិតជាមានវង់អាប៉ោងនៅទីតាំងខាងលើមែន តែលោកពិបាកក្នុងការបង្ក្រាប ព្រោះដូចវែកចកអញ្ចឹង។
ចំណែកលោក កៅ សុធារឹទ្ធ មេឃុំពោអង្ក្រង បានថ្លែងថា រឿងល្បែងអាប៉ោងនៅចំនុចខាងលើ លោកបានបញ្ជាកំលាំងបង្ក្រាឆ្អែតហើយ តែអ្នកលេងនឹងមិនរៀងសោះ។
បើតាមការលើកឡើងរបស់លោកមេឃុំពោអង្រ្កង ក៏ដូចជាលោកនាយកប៉ុស្តិ៍ បានបញ្ជាក់ច្បាស់ណាស់ថា ម្ចាស់ទីតាំងនេះមិនខ្លាចអាជ្ញាធរថ្នាក់ក្រោមនោះទេ ដែលប្រហែលដូចពលរដ្ឋលើកឡើងមែនហើយថា គេច្បាស់ជាខ្នងបង្អែកនៅពីក្រោយ តែយ៉ាងណា ពលរដ្ឋនៅតែសង្ឃឹមថា អាជ្ញាធរថ្នាក់លើនឹងចាត់វិធានការទីតាំងមួយនេះ ហើយវែកមុខអ្នកនៅពីក្រោយខ្នងនោះយកមកផ្តន្ទាទោសផង៕