លោក អែម សុខា អភិបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មានបងប្អូនពលករខ្មែរ ចំនួន២១៦ នាក់ ដែលបានធ្វើដំណើរពីខេត្តផ្សេងៗ ក្នុងប្រទេសថៃ មានបំណងចង់វិលត្រឡប់ទៅកម្ពុជាវិញ កំពុងជាប់នៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតនៅស្រុកតាប្រាយ៉ា ខេត្តសាកែវ ទល់នឹងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកថា ដោយសារខេត្តបន្ទាយមានជ័យ កំពុងស្ថិតក្រោមការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត-១៩ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងកម្ពុជា-ថៃ ដឹកពួកគាត់ទៅកន្លែងដែលមានសុវត្ថិភាព និងជួយរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្ន ។
ដោយឡែកបើតាមលោក ស្វាយ ជា អភិបាលស្តីទីស្រុកម៉ាឡៃ វិញបានឲ្យដឹងថា កាលពីថ្ងៃទី៤ សីហា មានបងប្អូនពលករចូលដល់ព្រំដែនប្រមាណ៨០នាក់ តែអាជ្ញាធរមិនទាន់ អនុញ្ញាតិឲ្យចូលមកកម្ពុជាយើងឡើយ។ ក្នុងនោះក្រុមការងារចំរុះដែលប្រចាំការនៅទីនោះ បានផ្តល់ជា តង់ដេក អង្ករ រួមនឹងគ្រឿងឧបភោគបរិភោគ ជូនដល់ពួកគាត់សម្រាប់ដោះស្រាយមួយរយៈ ទម្រាំយើងទទួលបានបទបញ្ជារឲ្យបើកព្រំដែនវិញ។
សូមបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ កម្ពុជាបានសម្រេចធ្វើការបិទច្រកព្រំដែនជាមួយប្រទេសថៃរយៈពេល២សប្តាហ៍ ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បម្លែងខ្លួនថ្មីDelta៕