ថ្លែងក្នុងឱកាសទទួលជំនួយវ៉ាក់សាំងរបស់ចក្រភពអង់គ្លេសនៅនៅរសៀលថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនេះនឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសនោះទី៣ ឬដូសជំរុញ។
ជាមួយគ្នានេះ សម្ដេចក៏ស្នើដល់ចក្រភពអង់គ្លេសផ្ដល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំងជាបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតសម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលខាងមុខ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃនេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstaZeneca ជាជំនួយរបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលចក្រភពអង់គ្លេសចំនួន៤១៥,០០០ ដូស បានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ឯកអគ្គរាជទូតស្តីទីអង់គ្លេសប្រចាំនៅកម្ពុជា បានបង្ហាញការរំពឹងថា វ៉ាក់សាំងជាជំនួយនេះ នឹងជួយពង្រីក និងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា ហើយនឹងជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ៕