តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ សីហានេះ បានបញ្ជាក់ថា កាលពីថ្ងៃទី៣ សីហា គេបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មីប្រភេទ Delta ចំនួន ៣៦ករណី ដោយក្នុងនោះមានបុគ្គលិកសុខាភិបាលចំនួន ៨នាក់ និងអ្នកភូមិក្នុងសហគមន៍ចំនួន ២៨នាក់។
យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ករណីវីរុសដែលតាដែលបានរកឃើញនេះ នៅរាជធានីភ្នំពេញមានចំនួន ៥នាក់ ដែលជាបុគ្គលិកសុខាភិបាល, ខេត្តឧត្តរមានជ័យចំនួន ៩នាក់ ក្នុងនោះ បុគ្គលិកសុខាភិបាល២នាក់ និងអ្នកភូមិនៅក្រុងសំរោង និងស្រុកត្រពាំងប្រាសាទចំនួន ៧នាក់។
ខេត្តសៀមរាប រកឃើញ ១៨នាក់ ក្នុងនោះបុគ្គលិកសុខាភិបាល ១នាក់ និងអ្នកភូមិ នៃស្រុកអង្គជុំ សូទ្រនិគម និងស្រុកសៀមរាប ចំនួន១៧នាក់។
ខេត្តកំពង់ធំ រកឃើញ ៤នាក់ ក្នុងនោះ ២នាក់ ជាអ្នកប៉ះពាល់ជាមួយកម្មករលើកជ័រនៅខេត្តឧត្តរមានជ័យ ដែលធ្លាប់ប៉ះពាល់ជាមួយកម្មករមកពីថៃ រស់នៅស្រុកប្រាសាទបល្ល័ង្គ និង ២នាក់ទៀត ជាអ្នកភូមិត្បែង ស្រុកកំពង់ស្វាយ។
សូមបញ្ជាក់ថា គិតពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទដែលតា លើពលករត្រឡប់មកពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន ២៦០នាក់ហើយ៕