សង្គម

ក្រសួងព័ត៌មានបង្កើតគណៈកម្មការតាមដាន វាយតម្លៃ ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន

ក្រសួងព័ត៌មានកាលពីដើមសប្តាហ៍នេះ បានសម្រេចបង្កើត​គណៈកម្មការតាមដាន វាយតម្លៃ និង​លើកសរសើរ ចំពោះអ្នកសារ​ព័ត៌មាន និង​អង្គភាព​សារព័ត៌មាន ដែលអនុវត្ត​បានត្រឹមត្រូវ​តាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និង​ដាក់ពិន័យ​ចំពោះ​អ្នកសារ​ព័ត៌មាន និង​អង្គភាព​សារព័ត៌មាន ដែលបានប្រព្រឹត្ត​ល្មើស​ក្រម​សីលធម៌ វិជ្ជាជីវៈ ដើម្បីតម្រង់ទិស​អ្នក​សារ​ព័ត៌មាន ក្នុងការ​បំពេញ​ភារកិច្ចរបស់ខ្លួន​ឲ្យ​ត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ។

គណៈកម្មការ​នេះ​មានសមាជិក​សរុប​ចំនួន ១៥រូប ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងសមាគមអ្នក​សារ​ព័ត៌មានមួយ​ចំនួនទៀតផង។

ភារកិច្ច​របស់គណៈកម្មការនេះ​រួមមាន៖
– ដឹកនាំប្រជុំពិនិត្យ​តាម​ការ​កំណត់ និង​ការ​ចាំបាច់ លើរបាយការណ៍ និង​ការតវ៉ា​ពី​សារធារណជន ឬអង្គភាព​ស្ថាប័ននានា
– ដោះស្រាយបណ្តឹងតវ៉ា ដែលទាក់ទងនឹងក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន រវាងអ្នក​សារ​ព័ត៌មាន អង្គភាពសារព័ត៌មាន ជាមួយ​បុគ្គល ឬ​ក្រសួងស្ថាប័ន ឬអ្នក​សារ​ព័ត៌មាន អង្គភាពសារព័ត៌មាន
– ពិនិត្យ វាយតម្លៃ​ការ​អនុវត្ត​របស់អ្នកសារ​ព័ត៌មាន អង្គភាព​សារ​ព័ត៌មាន ដើម្បីផ្តល់យោបល់​ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេច
– ស្នើសុំ​ការសម្រេច​ពីថ្នាក់ដឹកនាំក្រសួង លើកទឹកចិត្ត លើកសរសើរ​អ្នកសារ​ព័ត៌មាន និង​អង្គភាពសារព័ត៌មាន ដែលមានស្នាដៃក្នុងការផ្តល់ព័ត៌មាន និង​គោរព​តាមក្របសីលធម៌វិជ្ជាជីវៈ និង​ដាក់វិន័យអ្នក​ដែលប្រព្រឹត្ត​ខុស​ពីក្រមសីលធម៌ វិជ្ជាជីវៈ តាមច្បាប់​ស្តីពីរបបសារព័ត៌មាន
– អញ្ជើញអ្នក​ជំនាញសារព័ត៌មាន ឬម្ចាស់អង្គភាពសារព័ត៌មាន ឬប្រធានសមាគមអ្នកសារ​ព័ត៌មាន ឬអង្គភាព ស្ថាប័នពាក់ព័ន្ធនានា មក​ពិគ្រោះយោបល់ ក្នុងករណីចាំបាច់។