យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ពេលនេះ ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលឥទ្ធិពលខ្សោយពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងវៀតណាម ហើយជាមួយគ្នានោះ ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យម ទៅបង្គួរ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ដូចជាបណ្តាខេត្តនៅភាគពាយ័ព្យ និងភាគខាងត្បូង អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅមធ្យម និងបណ្តាខេត្តដទៃទៀត អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ដោយឡែកតំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅបង្គួរ, នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងលាយឡំខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់៕