សង្គម

អភិបាលខេត្តកែប សុំយោបល់ពីមហាជន រឿង «ក្រាលកន្ទេលតាមឆ្នេរ»

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប កាលពីថ្ងៃអាទិត្យ (១ សីហា) បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយ​សុំ​យោបល់ពីមហាជន រឿង ​ក្រាលកន្ទេល​ពី​សំណាក់​អាជីវករ​មួយ​ចំនួន ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ ដោយ​លោក​បាន​លើកឡើងជាសំណួរថា ​តេី​យេីង​គួរ​បន្ត​ឲ្យ​មាន​ស្ថានភាព​របៀប​នេះ​បន្តទៀត​ រឺ​យ៉ាងណា​?

លោកបានសរសេរថា “ជា​យូរ​លង់​ណាស់​មក​ហើយ​មាន​ការ​ក្រាលកន្ទេល​ពី​សំណាក់​អាជីវករ​មួយ​ចំនួន​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​សាធារណៈ​ក្នុង​ខេត្ត​កែប​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​។ដេីម្បី​រក្សា​បាន​នូវ​សណ្តាប់​សាធារណៈ​តេី​យេីង​គួរ​បន្ត​អោយមាន​ស្ថានភាព​របៀប​នេះ​បន្តទៀត​រឺ​យ៉ាងណា​? សុំ​យោបល់​បងប្អូន​ម្នាក់​មួយមក​ ៖ A មិន​ព្រម​ B​ ព្រម​ ។”

ក្រោយការលើកឡើងនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើន​បាន​ចូលរួមសម្តែងមិត ដោយ​ខ្លះ​បានគាំទ្រ និងខ្លះមិនគាំទ្រ ដោយប្រជាពលរដ្ឋខ្លះបានទាមទារ​ឱ្យអភិបាលខេត្តរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ នៅតាមឆ្នេរកែបនេះ។

ចំណែកពលរដ្ឋខ្មែរទៀត ថ្លែងថា ការលក់ដូររបស់ពួកគាត់ក៏អាចជួយសម្រួលជីវភាពគ្រួសារប្រចាំថ្ងៃរបស់គាត់ដែរ ប៉ុន្តែសូមអោយខាងរដ្ឋបាលខេត្តកែប ជួយសម្រួលអោយមានសណ្តាប់ធ្នាប់ក្នុងការលក់ដូរ ជាពិសេសគឺអោយពួកគាត់លក់ដូរក្នុងតម្លៃសមរម្យ៕