សង្គម

មន្រ្តីក្រសួងការងារប្រាប់ពលករខ្មែរនៅថៃ ​កុំចល័ត និង​វិលត្រឡប់​មក​កម្ពុជាវិញ ព្រោះ​ព្រំដែនបានបិទហើយ

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ កាលពីយប់មិញនេះ បានផ្ញើសារជូនដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ សូម​កុំចល័តចេញពីកន្លែងដែលខ្លួនកំពុងស្នាក់នៅឆ្ពោះមកព្រំដែនកម្ពុជា-ថៃ។

លោកថា បើទោះបីជាបងប្អូន មានធរុៈចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកវិញ ក៏ត្រូវពន្យារពេលយ៉ាងហោចណាស់ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។

ចំពោះមុខ ប្រសិនជាបងប្អូនធ្វើដំណើរមកព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយណាក៏ដោយ គឺបងប្អូននឹងត្រូវអាជ្ញាធរមានសមត្ថកិច្ចថៃតម្រូវឱ្យធ្វើដំណើរវិលត្រឡប់ទៅកន្លែងដើមវិញ។ ម្ចាស់រថយន្ត ឬមេខ្យល់ ដែលដឹកជញ្ជូនពលករ គឺល្មើសនឹងបម្រាមរបស់អាជ្ញាធរថៃ ដូច្នេះត្រូវប្រឈមនឹងការចាត់វិធានការច្បាប់ផងដែរ។

សូមបញ្ជាក់ថា កម្ពុជាបានសម្រេចធ្វើ​បិទខ្ទប់ការធ្វើដំណើរឆ្លងព្រំដែនកម្ពុជា-ថៃ ចាប់ពីយប់ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា (រយៈពេល១៤ថ្ងៃ) ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីដែលតា (Delta) ប៉ុន្តែបានអនុញ្ញាតទៅលើការដឹកទំនិញឆ្លងព្រំដែន និងការធ្វើដំណើរក្នុងករណីចាំបាច់ប៉ុណ្ណោះ៕