សង្គម

កូវីដ១៩បម្លែងថ្មី ៣៩ករណីបន្ថែមទៀត ក្នុងនោះ​មានមន្រ្តីសុខាភិបាល៤នាក់ដែរ

ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាស​នៅព្រឹក​ថ្ងៃទី២៧ កក្កដា នេះ​ថា ក្រោយ​ធ្វើការ​វិភាគដោយ​វិទ្យាស្ថានប៉ាស្ទ័រ គេបានរកឃើញ​ករណីឆ្លង​វីរុស​កូវីដ១៩ ដែល​បំប្លែង​ថ្មី​ប្រភេទ Delta ចំនួន ៣៩នាក់ ក្នុងនោះអ្នក​ដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃតាមច្រក​ព្រំដែនកម្ពុជា-ថៃ ចំនួន ២១នាក់, បុគ្គលិក​សុខាភិបាល​ចំនួន ៤នាក់ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែលប៉ះពាល់ផ្ទាល់​ចំនួន ៦នាក់ ព្រមទាំងប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​មិន​ប៉ះពាល់​ផ្ទាល់​ចំនួន ៨នាក់។

សម្រាប់បុគ្គលិកសុខាភិបាលដែលត្រូវរកឃើញ​វិជ្ជមានកូវីដ១៩បម្លែងថ្មី Delta ត្រូវ​បាន​បញ្ជាក់ថា គឺជាបុគ្គលិកសុខាភិបាល​ខេត្ត​ឧត្តរមានជ័យ។

គួរ​កត់សម្គាល់ថា គិត​ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ​២០២១ កម្ពុជា​បានរកឃើញ​អ្នក​មាន​វិជ្ជមាន​វីរុស​កូវីដ១៩ប្រភេទ ដែលតា សរុបចំនួន ១១៤នាក់ហើយ។

ពាក់ព័ន្ធនឹងការ​ចម្លងមេរោគ​បម្លែងថ្មីនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើ​ការ​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូម​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ ការពារ​ខ្លួន កុំភ្លេច​ខ្លួនឲ្យសោះ ដោយ​ត្រូវ​ចេះផ្លាស់ប្តូរ​ទម្លាប់រស់នៅ​របស់ខ្លួនស្របតាម​ពាក្យស្លោក «រៀនរស់នៅ​ធម្មតាជាមួយវីរុស​កូវីដ១៩ តាមបែប​គន្លងថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩» សំដៅបង្ការ គ្រប់គ្រង និង​កាត់ផ្តាច់ខ្សែ​ចម្លង នៃ​វីរុស​កូវីដ១៩ ជាពិេសេសពួក​ប្រភេទ​បំប្លែងថ្មីនេះ ឬ​ក៏​ប្រភេទថ្មីផ្សេង​ទៀត ដែល​អាច​កើតមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើងជាយថាហេតុ៕