តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកព្រលឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះបានបញ្ជាក់ថា កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយខ្យល់មូសុងនិរតីមានល្បឿនមធ្យម ហើយជាមួយគ្នានេះ ព្យុះទី៦ ឈ្មោះ IN-FA ក៏បានឡើងចូលដល់ភាគខាងកើតប្រទេសចិន។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្រ្តាក់ លើកលែងតែខេត្តកំពង់ស្ពឺ, តាកែវ, កំពត, កណ្តាល និងរាជធានីភ្នំពេញ ដែលអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅមធ្យម ដោយសារឥទ្ធិពលខ្យល់ហ្វឺនក្នុងកម្រិតបង្គួរ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្រ្តាក់។
ដោយឡែកតំបន់មាត់សមុទ្រ អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំង ដោយនៅលើផ្ទៃសមុទ្រមានខ្យល់ខ្លាំង ហើយភ្លៀងក៏ខ្លាំងធ្វើឲ្យរលកមានកម្ពស់ខ្ពស់។
ដូច្នេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នចំពោះបាតុភូតនានាដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ពិសេសនៅតំបន់មាត់សមុទ្រ និងក្នុងលំហរសមុទ្រ៕