កាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ បានបើកប្រតិបត្តិការឡើងលើភ្នំរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំ។
ប្រតិបត្តិការកាលពីថ្ងៃម្សិលមិញនោះ កម្លាំងសមត្ថកិច្ចបានរកឃើញទីតាំងលួចលាក់ដាំកញ្ឆាខុសច្បាប់ចំនួន១៣ទីតាំង និងអាងស្តុបទឹកចំនួន៩អាង នៅចំណុចដុបគុហារចិន និងដុបដាដំរីលេង ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ២៦៣២ម៉ែត្រការ៉េ។
ក្រោយការរកឃើញនោះ បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
គួររំលឹកដែរថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកម្លាំងសមត្ថកិច្ចបានចុះធ្វើប្រតិបត្តិការបង្រ្កាបទីតាំងដាំកញ្ឆានៅក្នុងភូមិសាស្រ្តស្រុកគិរីវង់ ប៉ុន្តែបង្រ្កាបមិនចេះអស់នោះឡើយ ដោយក្រុមជនល្មើសនៅតែលួចលាក់ដាំ៕