កាលពីក្នុងទសវត្យរ៍ទី៨០-៩០ នៅតាមអូរ ស្ទឹង បឹង បួរ ទន្លេ សម្បូរទៅដោយត្រីគ្រប់ប្រភេទ ដែលធ្វើឱ្យតម្លៃត្រីថោកជាងសាច់បសុសត្វ (សត្វចិញ្ចឹមដូចជា ជ្រូក មាន់ ទា គោ ក្របី សេះ)។ល។ កាលណោះ អ្នករស់នៅតាមជនបទ និងអ្នកមានធនធានខ្សត់ខ្សោយ និយមបរិភោគត្រីច្រើនជាងសាច់បសុសត្វ។ ចំណែកអ្នកមានធនធន គេនិយមបរិភោគសាច់បសុសត្វច្រើនជាងត្រី។
ប៉ុន្តែបច្ចុប្បន្ននេះ បើតាមការស្រាវជ្រាវរបស់ គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ (Wonders of the Mekong ) បានរកឃើញថា ដោយសារការនេសាទហួសកម្រិត ការបាត់ បង់ទីជម្រក ការប្រើប្រាស់ឧបករណ៍នេសាទទំនើបៗ និងខុសច្បាប់ច្រើន បានបណ្តាលឱ្យធនធានជលផលក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុក។ រីឯតម្លៃត្រី ទាំងប្រភេទត្រីតូចធំក៏ហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។
ការណ៍នេះបានបណ្តាលឱ្យអ្នករស់នៅតាមជនបទ និងអ្នកមានធនធានខ្សត់ខ្សោយ ងាកទៅបរិភោគសាច់បសុសត្វ ជំនួសត្រីវិញ។ ពួកគេអាចទិញសាច់បសុសត្វ ក្នុងចំនួនតិចតួច ២-៣ខាំ ឬកន្លះគីឡូក្រាម តម្រូវតាមទឹកប្រាក់របស់ពួកគេមាន។ ចំណែកឯអ្នកមានធនធាន បែរជានិយមបរិភោគត្រី ដែលមានតម្លៃខ្ពស់ ជំនួសឱ្យសាច់បសុសត្វដែលមានតម្លៃថោកវិញ ព្រោះគេយល់ថា ត្រីពីធម្មជាតិគ្មានសារធាតុគីមី ល្អសម្រាប់សុខភាព។
ជាមួយគ្នានេះ គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ Wonders of the Mekong ក៏បានលើកទឹកចិត្តប្រជានេសាទទាំងអស់ ឱ្យប្រើប្រាស់តែឧបករណ៍នេសាទ តាមច្បាប់ជលផលកំណត់ និងអ្នករស់នៅក្បែរស្ទឹង បឹង និងទន្លេនានា មេត្តាជួយការពារព្រៃលិចទឹក ដែលជាទីជម្រកពង-កូនរបស់ត្រី ទប់ស្កាត់ការធ្លាក់ចុះធនធានជលផលថែមទៀត ដើម្បីទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយរបស់យើង៕