សង្គម

ជនជាតិចិន លួចលាក់បើក​ក្លឹបកម្សាន្ត​នៅ​ក្នុង​អគារ​កំពុងជួសជុល សមត្ថកិច្ច​ឆ្មក់ចាប់បាន៨៧នាក់

កាលពី​វេលា​ម៉ោងប្រមាណ​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ ត្រង់​ចំណុច​ក្បែរ​ខាងក្រោយ​អតីត​ក្លឹ​ប​កម្សាន្ត X2 តាម​បណ្តោយ​ផ្លូវ​៥៥​កែង​នឹង​ផ្លូវ​២២២ ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ បានឆ្មក់​បង្រ្កាប​ក្លឹបកម្សាន្ត​លួច​លាក់​នៅ​ក្នុង​អគារ​កំពុង​ជួសជុល ដោយឃាត់ខ្លួន​ជនជាតិចិន​ចិន​ប្រុស​ស្រី​ចំនួន ៨៧នាក់។

សមត្ថកិច្ច​បាន​ឲ្យដឹងថា ទីតាំង​លួច​លាក់​បើក​ក្លឹបកម្សាន្តនេះ គឺ​ជា​អគារ​កំពុងធ្វើការ​ជួសជុល​មានកំ​ពស់​១២​ជាន់ ហើយ​នៅ​ជាន់​ទី​៦ នៃ​អគារ​នោះ​ ជា​កន្លែង​លួចលាក់​បើក​ក្លឹ​ប​កម្សាន្ត ដោយ​មាន​ការ​​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ប្រភេទ​ថ្នាំ​ក្រ​វី​ទៀត​ផង​។ នៅជាន់ទី៦នោះ ​កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​បន្ទប់​ធំ​ៗ​ចំនួន​៣​បន្ទប់ ដែល​រៀបចំ​ជា​ប្រភេទ​ជា​ក្លឹ​ប​កម្សាន្ត និង​មាន​ជនជាតិ​ចិន​ប្រុស​ស្រី​ជា​ច្រើន​នាក់ បាន​ទៅ​កំសាន្ត​នៅ​ខាងក្នុង​ទៀត​ផង​។

បើតាម​សមត្ថកិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ គឺ​ប្រើ​អស់​រយៈពេល​ជាង​៣​ម៉ោង ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​សរុប​ចំនួន​៨៧​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៣៤​នាក់ និង​ដកហូត​ទូរ​ដែក​ចំនួន​មួយ​, ម្សៅ​.​ស​សង្ស័យ​ជា​សារធាតុ​ញៀន​មួយ​ចំនួន​តូច​, រថយន្ត​ជា​ច្រើន​គ្រឿង រួម​ទាំង​វត្ថុ​តាំង​ជា​ច្រើន​ផ្សេង​ទៀត​។

បច្ចុប្បន្ន ជនជាតិ​ចិន​ទាំង​៨៧​នាក់​ខាងលើ​នោះ រួម​ទាំង​វត្ថុ​តាំង ត្រូវ​បាន​សមត្ថកិច្ច​យកទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​​ចាត់ការ​ទៅ​តាម​នីតិវិធី៕