សង្គម

ក្រោយការអំពាវនាវ ឥឡូវនេះ​ក្រសួងប្រៃសណីយ៍ ផ្តល់ឧបករណ៍ធ្វើតេស្ដរហ័សដល់មន្ទីរពេទ្យកុមារអង្គរចំនួន៣ពាន់គ្រឿង​

បន្ទាប់ពីមានការ​អំពាវនាវ​របស់មន្ទីរពេទ្យកុមារ​អង្គរ​កាលពី​សប្ដាហ៍​មុន​ អំពីការខ្វះខាតនូវសម្ភារ: ឧបករណ៍គ្រូពេទ្យសម្រាប់រកមេរោគកូវីដ-១៩ ខណ:ដែលមន្ទីរពេទ្យនេះបានរកឃើញមេរោគកូវីដ-១៩ ទៅលើកុមារចំនួន២នាក់នោះ នៅរសៀលថ្ងៃទី១៨ កក្កដា ម្សិលមិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ផ្ដល់ឧបករណ៍ធ្វើតេស្ដរហ័សរកមេរោគជំងឺកូវីដ-១៩ ចំនួន៣ពាន់គ្រឿង ដល់មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប សម្រាប់ប្រើប្រាស់។

លោក ងួន ច័ន្ទភ័ក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា ឧបករណ៍តេស្ដរហ័សជំងឺកូវីដ-១៩ចំនួនជាង៣ពាន់ឧបករណ៍នេះ គឺអាចជួយឱ្យមន្ទីរពេទ្យកុមារអង្គរ មានលទ្ធភាពអាចធ្វើតេស្ដរកមេរោគកូវីដ-១៩ បានភ្លាមៗ និងប្រើប្រាស់ទាន់ពេលវេលា ទៅលើកុមារមកទទួលសេវាព្យាបាលជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ក្នុងរយ:ពេលប្រហែលជា៧ខែ ។

ជាមួយគ្នានេះមន្ទីរពេទ្យក៏ត្រូវការនូវឯកសណ្ឋានពាក់ការពារជំងឺកូវីដ-១៩ ក្នុងពេលបំពេញការងារពាក់ព័ន្ធបញ្ហាជំងឺកូវីដ-១៩ផងដែរ ខណ:ដែលមន្ទីរពេទ្យនេះ បានគ្រោងបង្កើតសាលាសម្រាប់អ្នកជំងឺកូវីដ-១៩ ដាក់ដាច់ដោយឡែក ដែលអាចចំណាយថវិកាប្រមាណ៥ម៉ឺនដុល្លារ៕