សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះបានប្រកាសជាសាធារណៈអំពីការដកតំណែង លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ក្រោមហេតុផលាលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌។
សម្តេចតេជោបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅរសៀលថ្ងៃទី១៦ខែកក្កដានេះថា “ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណភាពបង ហុង ថែមដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពី បាតដៃទទេនាឆ្នាំ១៩៧៩។ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ចាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវម៉ែន សំអន សុំឱ្យដកចេញក៏មិនព្រមដកដែរ”។
សម្តេចបានបញ្ជាក់នៅឃ្លាចុងក្រោយថា”ខ្ញុំមិនអាចទុកលោក ឌុច សុវណ្ណារី ឱ្យនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌”។
សូមបញ្ជាក់ថា ក្រោយមរណភាពរបស់លោក ហុង ថែម, លោក ឌុច សុវណ្ណារី បានបង្ហោះសារនៅលើហ្វេសប៊ុកថា «ថ្ងៃនេះ ខ្ញុំបានទទួលដំណឹងថា មនុស្សម្នាក់ដែលតែងតែអគតិចំពោះកូនចៅក៏ដូចជារូបខ្ញុំ បានលាចាកលោកទៅហើយ។ ដោយសារកូវីដ ខ្ញុំមិនបានចូលរួមជូនដំណើរទេ ហើយក៏សូមអហោសកម្មជូនគាត់ ហើយសូមបួងសួង បើជាតិក្រោយគាត់មានសំណាង បានកើតជាមនុស្ស សូមឲ្យមានចិត្តទូលាយ ដឹងខុស ដឹងត្រូវជាងនេះ កុំត្រចៀកស្រាលដូចជាតិនេះទៀត»៕