យោងតាមលិខិតរបស់ក្រសួងការបរទេសកម្ពុជា ផ្ញើជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមបានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ចម្លងចូលមកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម រយៈពេល១ខែ។
ការផ្អាកឆ្លងកាត់នេះ គឺនឹងអនុវត្តចាប់ពីថ្ងៃតី១៨ ខែកក្កដា ឆ្នាំ២០២១តទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្រ្តីរាជការដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរ នៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។
ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាមដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការចេញចូលបណ្តោះអាសន្ននេះ។
សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសវៀតណាមមានករណីផ្ទុះរាលដាលជំងឺកូវីដ១៩ក្នុងចំនួនច្រើន ដោយគ្រាន់តែថ្ងៃអង្គារម្សិលមិញ វៀតណាមមានករណីឆ្លងកូវីដ១៩ថ្មី រហូតដល់ទៅ ២៣០១ករណី ដែលសុទ្ធសឹងតែជាករណីឆ្លងក្នុងសហគមន៍៕