ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានប្រកាសនៅថ្ងៃនេះថា រាជរដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន ១លានដូស ដល់ប្រទេសកម្ពុជា។
លោកទូតបានបញ្ជាក់ថា ជំនួយនេះ គឺធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយប្រមាណជាង ៥០លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា ដែលរួមមានដូចជាផ្តល់បរិក្ខាពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្តល់បរិក្ខាសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។
ក្នុងនោះជប៉ុនក៏បានផ្តល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល៕