សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកនេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដានេះទៅ ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលនៃជ្រលងសម្ពាធទាប ហើយបន្តពីថ្ងៃទី១៥-២០ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើងសារជាថ្មី ហើយបង្កើនឥទ្ធិពលជាលំដាប់អូសបន្លាយកាត់ប្រទេសកម្ពុជា គួបផ្សំនឹងខ្យល់មូសុងនិរតី ក៏មានល្បឿនជាបង្គួរផងដែរ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំនឹងផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ជាមួយគ្នាក៏នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំង។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង។
ដោយឡែកសម្រាប់តំបន់មាត់សមុទ្រវិញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ហើយនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។