ក្នុងសេចក្តីជូនដំណឹងរបស់ររដ្ឋបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៩ ខែកក្កដា នេះ បានបញ្ជាក់ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកជំងឺកូវីដ១៩ ហើយត្រូវបានអនុញ្ញាតឲ្យសម្រាកព្យាបាលនៅផ្ទះ សូមទុកដាក់សំរាមរបស់ខ្លួនឲ្យបានល្អ ចៀសវាងការឆ្លងបន្តទៅអ្នកដទៃ។
ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំចំនួន៤ចំណុច សម្រាប់ការទុកដាក់សំរាមរបស់អ្នកជំងឺកូវីដ១៩៖
១.ត្រូវទុកដាក់សំរាមនៅក្នុងស្បោងឲ្យបានត្រឹមត្រូវ និងដាច់ដោយឡែកពីសំរាមអ្នកផ្សេងទៀត
២.ត្រូវធ្វើការបាញ់ថ្នាំ ឬអាកុល សំលាប់មេរោគកូវីដ១៩ នៅលើសំរាមទាំងខាងក្នុង និងខាងក្រៅស្បោង ហើយទុកដាក់សំរាមដាច់ដោយឡែកលើសពី ៧២ម៉ោង ទើបអាចបញ្ចេញមកខាងក្រៅបាន
៣.ត្រូវដាក់សំរាមនៅក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង ដើម្បីងាយស្រួលក្នុងការប្រមូល
៤.ត្រូវប្រើប្រាស់ស្បោងសំរាមដែលមានចំណុះ ១៥គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឲ្យបានរយៈពេល ៥ថ្ងៃយ៉ាងតិច ដើម្បីចៀសវាងបញ្ចេញសំរាមរៀងរាល់ថ្ងៃ។
ក្នុងករណីមិនសហការ និងមិនអនុវត្តតាមការណែនាំខាងលើនេះ ហើយបង្កឲ្យមានការឆ្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ បុគ្គលដែលប្រព្រឹត្តត្រូវទទួលខុសត្រូវតាមមាត្រា៩ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ដែលបានចែងថា «អំពើចម្លងដោយចេតនានូវជំងឺកូវីដ១៩ដល់អ្នកដទៃ តាមគ្រប់មធ្យោបាយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ»៕