សង្គម

កម្ពុជាទិញក្តារមឈូស​ចំនួន៣ពាន់ពី​ប្រទេសថៃ សម្រាប់ដាក់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩

បើតាម​ការ​បញ្ជាក់របស់​លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ថា ក្តារមឈូសចំនួន ៣០០០ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីប្រទេសថៃ សម្រាប់ដាក់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ។

សូម​បញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរនៅតាមបណ្តាខេត្ត ទិញក្តារមឈូសមករក្សាទុកនៅតាមមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺកូវីដ-១៩ ដើម្បីត្រៀមសម្រាប់ដាក់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ យកទៅបូជា ឬបញ្ចុះ ដែលជាការគោរពទៅដល់វិញ្ញាណក្ខន្ធអ្នកស្លាប់។

ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានបញ្ជាទៅក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងលោក សៅ សុខា ប្រធានគណៈកម្មការក្នុងការបង្ក្រាបបទឧក្រិដ្ឋកម្មព្រៃឈើ ឱ្យយកឈើដែលបានរឹបអូសពីបទល្មើស​ យកមកធ្វើជាក្តារមឈូសឱ្យបានរហ័ស ព្រោះពេលអ្នកជំងឺស្លាប់យកទៅបញ្ចុះសូម្បីតែមឈូសក៏គ្មាន ហើយយកទៅបូជាទាំងគ្មានមឈូសទៀត ដែលហាក់មិនគួរគប្បីចំពោះសព៕