ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ មានភ្លៀងធ្លាក់មួយមេធំក្នុងកម្រិត ៥៤ មម លាយជាមួយខ្យល់ខ្លាំង បានធ្វើឲ្យប៉ើងដំបូល និងរលំផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិជ័យ និងភូមិស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រមាណជិត១០០ខ្នង។
ក្នុងនោះនៅ-ភូមិជ័យ ខូចខាតផ្ទះចំនួន ៥០ខ្នង និងរងរបួសស្រាល មនុស្ស ០២នាក់ និងនៅភូមិស្លែងខ្ពស់ ខូចខាតផ្ទះចំនួន ៤៥ខ្នង។
បើតាមសេចក្តីជូនដំណឹងមួយដាច់ដោយឡែកពីអាកាសធាតុរបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី ១៣ ខែកក្កដា តំបន់វាលទំនាបកណ្តាលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំ និងផ្គររន្ទះ ខ្យល់កន្រ្តាក់ ហើយទន្ទឹមនោះ ក៏មានផ្នែកមួយចំនួន នៃបណ្តាខេត្តនៅក្នុងភូមិសាស្រ្តជាប់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក មានភ្លៀងធ្លាក់ខ្លាំង។ ដូច្នេះក្រសួងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន៕