សង្គម

ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ កក្កដា បណ្តាខេត្តជាប់ជួរភ្នំក្រវ៉ាញ និង​ភ្នំដងរែក នឹងមានភ្លៀងធ្លាក់ខ្លាំង

ក្នុង​សេចក្តីជូនដំណឹង​នៅព្រឹកថ្ងៃទី៦ ខែមិថុនានេះ ក្រសួងធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា កាលពីយប់មិញនេះ ប្រព័ន្ធ​សម្ពាធទាប ITCZ បានកើត​ឡើង ដោយ​អូសបន្លាយ​ពី​ភាគខាងជើងប្រទេសថៃ ភ្ជាប់ជាមួយ​សម្ពាធទាប​សកម្ម​មួយ​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង។

ក្នុងនោះ ពីថ្ងៃទី៧-១១ ខែកក្កដា ប្រព័ន្ធសម្ពាធ​ទាប​នឹង​រំកិល​ចុះ​មក​ក្រោម​អូសបន្លាយ​កាត់លើ​តំបន់​ជួរភ្នំដងរែក​និង​ភាគ​ឦសានប្រទេស​កម្ពុជា។

ស្ថានភាពបែបនេះ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​អាច​មាន​ភ្លៀងធ្លាក់​ក្នុង​កម្រិតពីបង្គួរ​ទៅច្រើន លាយឡំ និង​ផ្គររន្ទះ ខ្យល់កន្រ្តាក់ ហើយ​ទន្ទឹមនោះ ក៏​មាន​ផ្នែកមួយ​ចំនួន នៃបណ្តា​ខេត្ត​នៅ​ក្នុង​ភូមិ​សាស្រ្ត​ជាប់ជួរ​ភ្នំក្រវាញ និង​ជួរភ្នំដងរែក មាន​ភ្លៀងធ្លាក់ខ្លាំង។

ដោយ​ឡែក​តំបន់មាត់សមុទ្រវិញ អាចនឹង​មានភ្លៀងធ្លាក់ពីបង្គួរ​ទៅខ្លាំង នៅ​លើ​ផ្ទៃសមុទ្រ​នឹង​អាច​មាន​ភ្លៀង​ខ្យល់ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ៕