ក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូជាមួយសាលារាជធានីភ្នំពេញកាលពីព្រឹកមិញ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ-១៩ មិនមានការថមថយទេ តែបែរជាកើនឡើងខ្លាំងរហូតខ្វះ កន្លែងទទួលអ្នកជំងឺ, ដូច្នេះវិធានការបន្ទាប់ គឺការបង្កើតឱ្យមានជាការព្យាបាលជំងឺនៅតាមផ្ទះ។
តាមលោក ង៉ូវ កាង ការព្យាបាលនៅតាមផ្ទះនេះជារឿងល្អមួយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការគ្រប់គ្រង និងមើលការខុសត្រូវ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋានជាអ្នកទទួលខុសត្រូវ។
យ៉ាងណាក៏ដោយ អាជ្ញាធរខណ្ឌទាំង១៤ ជាអ្នកផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុម គ្រូពេទ្យស្ម័គ្រចិត្ត TYDA ដោយបង្កើតឱ្យមានទីបញ្ជាការស្រាល១កន្លែង ក្នុងមួយខណ្ឌ ដើម្បី ប្រចាំបញ្ជាអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដែលត្រូវការឱ្យជួយដោយជំងឺកូវីដ-១៩ គឺនៅពេល មានបញ្ហាអ្វីមួយយើងជួយពួកគាត់ទាន់ពេលវេលាតែម្តង។
សូមបញ្ជាក់ថា ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញមានអ្នកជំងឺប្រមាណជាង៣០០នាក់ហើយ ដែលកំពុងសម្រាកព្យាបាលនៅតាមផ្ទះ ពិសេសបងប្អូនអាជីវករផ្សារអូឡាំពិក៕