បើតាមសេចក្តីរាយការណ៍ថា កាលពីវេលាម៉ោងប្រមាណ៥ព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ មានករណីបាញ់ប្រហារទៅលើប្តីប្រពន្ធពីរនាក់ ដែលកំពុងដេកនៅក្នុងរោងចិញ្ចឹមទា ស្ថិតនៅចំណុចព្រែកដូនឯម ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បណ្តាលឲ្យប្រពន្ធស្លាប់ក្នុងថ្លុកឈាម ចំណែកប្តីរងរបួសធ្ងន់។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ២នាក់ប្ដីប្រពន្ធដែលរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនេះ ប្រពន្ធឈ្មោះ សុន ស្រឿន អាយុ៤៩ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងប្ដីឈ្មោះ យឹម គឹមហុក អាយុ៤៥ឆ្នាំ របួសធ្ងន់។
នៅវេលាម៉ោង៨យប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះទាំងពីរបានឲ្យកូនប្រុសឈ្មោះ ហុក ភូណាន់ អាយុ១៧ឆ្នាំ ជិះម៉ូតូឌុបមកដេកនៅរោងទាដូចរាល់ថ្ងៃ ពេលឌុបមកដល់កូនក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ហើយជនរងគ្រោះក៏ដេកនៅរោងទាទាំងពីរនាក់ប្តីប្រពន្ធ។ លុះដល់ព្រឹកឡើងថ្ងៃទី០៥ ខែកក្កដា២០២១ វេលាម៉ោង៥៖៣០នាទី ឈ្មោះ ហុក ភូណាន់ បានជិះម៉ូតូមកជួយរើសពងទានៅរោងស្រាប់តែឃើញម្ដាយដេកស្លាប់ ដោយមានឈាមពេញខ្លួន រីឯឪពុករងរបួសឈាមពេញខ្លួនរងរបួសធ្ងន់។
ពេលនោះកូនរបស់ជនរងគ្រោះ បានរាយកាណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុធ្វើការហ៊ំព័ទ្ធ និងបានរកឃើញសំបកគ្រាប់កាំភ្លើង ចំនួន១០គ្រាប់ និងមានស្នាមកាប់ជញ្ជាំងស័ង្កសី ចំនួន០២កន្លែង។
ជុំវិញករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ហើយ៕