យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថា អនុញ្ញាតឱ្យម្ចាស់ យកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព ទាំងមនុស្ស ក្នុងផ្ទះនិងអ្នករស់ នៅជិតខាង»។
សូមបញ្ជាក់ថា សត្វតោមួយក្បាលដែលមានទម្ងន់ប្រមាណ ៧០គីឡូក្រាម ត្រូវបានមន្រ្តីអភិរក្សាសត្វចុះទៅធ្វើការរឹបអូសពីជនជាតិចិនម្នាក់នៅសង្កាត់បឹងកេងកង កាលពីសប្តាហ៍កន្លងទៅនេះ ក្រោយពីមានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋនៅក្បែរនោះ។
ការរឹបអូសយកសត្វតោចិញ្ចឹមរបស់ជនជាតិចិននោះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនសម្តែងការមិនគាំទ្រក្រោមហេតុផលថា សត្វតោនេះវាបានរស់នៅក្រោមការបីបាច់របស់ម្ចាស់វាជាច្រើនឆ្នាំមកហើយ ដោយមានមនោសញ្ចេតនាទៀតផង, ជាមួយគ្នានេះដែរ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនផងដែរ ដែលបានគាំទ្រចំពោះចំណាត់ការរបស់អាជ្ញាធរ ក្នុងការយកសត្វតោនៅដាក់ក្នុងព្រៃវិញ ព្រោះតែវាជាសត្វព្រៃ៕