សង្គម

ក្រសួងប្រើធម៌ក្តៅចាប់រថយន្ត១៤៣គ្រឿង យកមកទុករយៈពេលមួយឆ្នាំ ដោយសារដឹកធ្ងន់ពេក

ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យដឹងថា ខ្លួនបាន​ចាប់ឃាត់រថយន្ត​ធុនធំ​ចំនួន ១៤៣គ្រឿង ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២១ ដោយ​បានផាកពិន័យ និង​រក្សា​ទុក​រយៈ​ពេល​១ឆ្នាំ ព្រោះតែ​រថយន្តទាំងនោះ​បាន​ដឹក​លើស​ទម្ងន់អនុញ្ញាត​ដល់ទៅ ២០ភាគរយ។

រថយន្តដឹកលើសទម្ងន់ទាំងនោះត្រូវបានឃាត់ទុកដោយក្រុមការងារក្រសួងចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តលើសទម្ងន់ដែលចុះតាមបណ្តាខេត្តនានា និងគោលដៅដើមទីនៅខេត្តបាត់ដំបង និងស្ថានីយជញ្ជីងអចល័តទូទាំងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពេលចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅថា ក្រសួងនឹងចាត់វិធានការណ៍តាមនីតិវិធីដោយគ្មានយោគយល់ខ្សែនរណាឡើយ ហើយសកម្មភាពនៃការចុះប្រតិបត្តិការនេះនឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឲ្យស្របតាមច្បាប់ ការពារមិនឲ្យមានជនខិលខូចដឹកលើសទម្ងន់ឡើយ។

ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយមិនយោគយល់ចំពោះឡានអ្នកក្រ ឡានអ្នកមាន អ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយ ព្រោះរថយន្តដឹកលើសទាំនោះធ្វើឱ្យខូចផ្លូវដូចគ្នា។

ជាមួយ​គ្នា​លោកក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិយើងឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ដោយសូមកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាលកំណត់ បង្កគ្រោះថ្នាក់ចរាចរណ៍ និងកុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើនថែមទៀត៕