បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានផ្តាច់អាហារូបករណ៍របស់និស្សិតខ្មែរចំនួន៦រូប ដែលកំពុងសិក្សានៅសាលាបណ្ឌិតយោធាអាមេរិកនោះ ទីបំផុតទៅ នៅថ្ងៃម្សិលមិញ ក្រសួងការពារកម្ពុជា បានចេញមកប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូបនោះ រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួនជាស្ថាពរ។
សូមបញ្ជាក់ថា និស្សិតខ្មែរទាំង៦រូបនេះកំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២រូប បណ្ឌិតសភាទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹកចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប។
លោក Arend Swartjes អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិកបានផ្តាច់អាហារូបករណ៍និស្សិតទាំងនោះដោយសារតែកម្ពុជាបានបាត់បង់ភាពស្របច្បាប់ក្នុងការទទួលជំនួយពីសហរដ្ឋអាមេរិកបន្ទាប់ពីកម្ពុជាកាត់បន្ថយកិច្ចសហប្រតិបត្តិការលើផ្នែកជាច្រើននៃទំនាក់ទំនងទ្វេភាគីជាប្រពៃណីរវាងយោធានិងយោធា។ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែអនុញ្ញាតឲ្យនិស្សិតទាំងនោះបន្តការសិក្សាបានបើសិនជាពួកគេអាចរកថវិកាបង់ថ្លៃសិក្សាបានឬរដ្ឋាភិបាលកម្ពុជាបង់ថ្លៃសិក្សាដោយសារតែពួកគេបានខិតខំសិក្សានិងមានលទ្ធផលល្អ។