តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកថ្ងៃនេះបានបញ្ជាក់ថា ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា កម្ពុជានឹងរងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ ហើយពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកក្កដា កម្ពុជានឹងរងនូវឥទ្ធិពលពីខ្យល់មូសុងនិរតីមធ្យម ព្រមទាំងជ្រលងសម្ពាធទាបពីចិន។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល នៅថ្ងៃទី៣០ មិថុនា ដល់ថ្ងៃទី៣ ខែកក្កដា អាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ហើយនៅថ្ងៃទី៤-៦ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ទន្ទឹមនោះ ក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើនផងដែរ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម ហើយសម្រាប់តំបន់មាត់សមុទ្រវិញ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដូចគ្នា។
ជាមួយគ្នានេះ ក្រសួងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមាន ជាពិសេសនៅតំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី៤-៦ ខែកក្កដា៕