មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថា យោងតាមទិន្នន័យរូបភាពដែលមន្ត្រីជំនាញប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិពីឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនៈគិរី គេបានឃើញវត្តមានសត្វខ្លាលឿងមាសដែលជាប្រភេទសត្វខ្លាកម្រនៅលើពិភពលោក។
ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទមំសាសត្វមាឌតូចស្ថិតក្នុងត្រកូលខ្លាទាំង ៨ ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ខ្លាលឿងមាស ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងគ្រោះ (NT) នៅក្នុងបញ្ជីក្រហម IUCN និងចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាCITES។
លោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សធម្មជាតិដីគោកខាងកើតទន្លេមេគង្គ ខ្លាលឿងមាសមានទម្ងន់ប្រមាណ ៩-១៦ គីឡូក្រាម ហើយភាគច្រើនស៊ីពពួកសត្វដង្កេរ (ដូចជាកំប្រុក កណ្តុរ កង្ហិច កង្ហែន) សត្វស្លាប ល្មូន ក្តាន់ញ៉ែង ពពួកពានរ ហើយជួនកាលសត្វឈ្លូសជាចំណី។ ខ្លាលឿងមាសភាគច្រើនរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ មិនមានការសិក្សាស្រាវជ្រាវច្រើនទេពីប្រភេទសត្វនេះ។
លោក ពិន ច័ន្ទរតនា បានឱ្យដឹងថាតាមការសិក្សាស្រាវជ្រាវ សត្វត្រកូលខ្លាទាំង ៨ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាមានខ្លាធំ ឬខ្លាដំបង (Tiger) ខ្លារខិន (Leopard) ខ្លាពពក (Clouded leopard) ខ្លាត្រី (Fishing cat) ខ្លាលឿងមាស (Asiatic golden cat) ខ្លាភ្ញីថ្មកែវ (Marbled cat) ឆ្មាព្រៃ (Jungle cat) និងឆ្មាដាវ (Leopard cat)៕