កីឡា

វៀតណាមកំពុងពិចារណា ពីការរៀបចំធ្វើស៊ីហ្គេមនៅឆ្នាំនេះ ឬ​ក៏​ពន្យារពេលទៅឆ្នាំក្រោយ

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ ដែលធ្វើ​ឡើង​នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វៀតណាម ដែល​ជា​ម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២១ បានបញ្ជាក់ថា ខ្លួន​បានលើក​យក​សេនារីយោចំនួន២ដាក់ទៅរដ្ឋាភិបាលដើម្បីពិនិត្យថា ត្រូវរក្សាកាលបរិច្ឆេទសម្រាប់​កីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២១ដដែល ឬអាចពន្យាពេលទៅឆ្នាំ២០២២វិញ។

សូមរម្លឹកថា កាលពីប្រជុំលើកមុន វៀតណាម បានដាក់សេនារីយ៉ូ ៣ ដើម្បីធ្វើការពិគ្រោះយោបល់ និងការសម្រេចពីរដ្ឋាភិបាលវៀតណាម។ ប៉ុន្ដែឥឡូវនេះ គណៈកម្មាធិការអូឡាំពិកវៀតណាមបានអះអាងថា មិនទាន់បានទទួលការសម្រេចចិត្តពីរដ្ឋាភិបាលនៅឡើយទេ ប៉ុន្ដែរដ្ឋាភិបាលវៀតណាមសុំកិច្ចប្រជុំនេះ ដោយកំណត់យកលក្ខខណ្ឌតែ ២ប៉ុណ្ណោះ ដើម្បីយកទៅធ្វើការសម្រេចចិត្ត។

បើតាមលោក  វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ នឹងមានការកោះប្រជុំរបស់គណៈអចិន្ដ្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដោយពេលនោះហើយ នឹង​មាន​ការ​អនុម័តចុងក្រោយ។

តាមលោក វ៉ាត់ ចំរើន ទោះបីវៀតណាម លើកពេលទៅឆ្នាំ២០២២ ក៏ដោយ ក៏កម្ពុជា ចាប់ពីឆ្នាំ២០២២ គឺអាចធ្វើការងារ របស់ខ្លួនក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បណ្ដោះអាសន្ន ។ “យើងនឹងចាប់ផ្ដើមយុទ្ធនាការ ទូទាំងប្រទេស និងយុទ្ធនាការលើឆាកអន្ដរជាតិអំពីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់យើង គឺគេបានគាំទ្រ ហើយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍មុនស៊ីហ្គេមនៅវៀតណាមក៏បាន គេថាអត់ មានបញ្ហាអ្វីទេ គេឱ្យយើងធ្វើ។ បានន័យថា យើងទទួលបានការគាំទ្រពេញទំហំពីសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ឱ្យយើងធ្វើជាម្ចាស់ផ្ទះ ដោយមិនមានការប៉ះទង្គិចផ្លូវច្បាប់ ឬបញ្ហាអ្វីឡើយ “៕