អាជ្ញាធរថៃ ក្រោមការសម្របសម្រួល ពីអាជ្ញាធរខេត្តបាត់ដំបង នឹងធ្វើការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ក្រុមអាជីវករនិងអ្នកបើករថយន្តដឹកទំនិញខ្មែរ ដែលចេញចូលតាមច្រកអន្តរជាតិ ដូង(ឡែម) ស្រុកកំរៀង ដោយគ្រោងនឹងចាប់ផ្តើមពីដើមខែកក្កដា២០២១ខាងមុខ។
លោក រ៉ាត់ថាវីដ តាំងគៀតភិចឆារ៉ាក់ ប្រធានសមាគមលក់ដូរ និងទេស ចរណ៍ព្រំប្រទល់ដែនកម្ពុជា- ថៃ ខេត្តចាន់បុរី បានលើក ឡើងថា ការចាក់វ៉ាក់សាំងដល់អាជីវករ អ្នកបើកបររថយន្តនេះ ដើម្បីកាត់បន្ថយនូវការព្រួយបាម្ភ និងការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងផ្សារ ឬការធ្វើពាណិជ្ជកម្មនៅជាប់ព្រំដែនរវាងកម្ពុជា និងថៃ នៅតាមច្រកទ្វារអន្តរជាតិដូង (ឡែម) ឬនៅក្នុងផ្សារ ។
លោកថា ការចាក់វ៉ាក់ សាំងនេះ ក៏មានគោលបំណង ឲ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ កាន់តែមានភាពល្អប្រសើរឡើងវិញ រួមទាំងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ នៃប្រទេសទាំងពីរ តាមរយៈការដោះដូរទំនិញ ផលិតផលកសិកម្មផ្សេងៗ ហើយពួកគេក៏មានការសប្បាយចិត្ត ដែលបានចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ រួចរាល់នោះ៕