អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍សន្តិសបណ្ឌិត នេត សាវឿន កាលពីល្ងាចមិញនេះ បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចចាប់រថយន្ត រ៉ល រ៉យ (Rolls-Royce) និង ម៊ែសឺដេស(Mercedes) ដែលបំពាក់ផ្លាកលេខ នគរបាល 2-7715 និងម្ចាស់រថយន្ត ដើម្បីយកមកអនុវត្តនីតិវិធី។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា “អគ្គស្នងការនគរបាលជាតិបានចេញបទបញ្ជាពេលឃើញរថយន្តពាក់ផ្លាកលេខនគរបាល 2-7715 ចាប់ទាំងរថយន្ត ទាំងមនុស្ស យកមកអនុវត្តនីតិវិធី ហើយសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បើឃើញរថយន្តនេះ សូមរាយការណ៍ដល់សមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីសមត្ថកិច្ចឃាត់រថយន្តនេះយកមកអនុវត្តតាមនីតិវិធី”។
បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បានឲ្យដឹងថា ផ្លាកលេខ “នគរបាល 2-7715” ដែលពាក់នៅលើរថយន្ត Rolls-Royce និងរថយន្ត Mercedes គឺជាផ្លាកលេខក្លែងក្លាយ ហើយផ្លាកលេខ “នគរបាល 2-7715” គឺជាកម្មសិទ្ធិរបស់រថយន្តម៉ាក Ford Ranger ពណ៌ស ស៊េរីឆ្នាំ២០១៧ នៅអង្គភាពនាយកដ្ឋាននគរបាលទេសចរណ៍។
យ៉ាងណាក៏ដោយ ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ហើយប្រសិនជាប្រជាពលរដ្ឋបានឃើញរថយន្តទាំង២ខាងលើ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន ឬ សូមទូរស័ព្ទមកលេខ 117 ហៅចូលដោយឥតគិតថ្លៃ៕