សង្គម

ចិនអនុញ្ញាត​ឲ្យ​មានការនាំចូល បង្កងប៉ាក អន្ទង់ ត្រីរ៉ស់ និង​ខ្យង ពី​ប្រទេស​កម្ពុជា

រដ្ឋបាល​គយ​ នៃ​ប្រទេស​ចិន កាលពីពេលថ្មីៗនេះ បានអនុញ្ញាត​ជា​ស្ថាពរ​ឲ្យ​មានការ​នាំចូល​ផលិតផលជលផល​ចំនួន៤ប្រភេទ​ពីប្រទេស​កម្ពុជា ដែល​រួម​មាន បង្កងប៉ាក អន្ទង់ ត្រីរ៉ស់ និង​ខ្យង។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានថ្លែងថា សត្វទាំងអស់នេះ ក្រសួងបានដាក់ស្នើទៅកាន់ភាគីចិនអស់រយៈពេលជាង១ឆ្នាំហើយ ហើយមកដល់ពេលនេះមានការអនុញ្ញាតជាផ្លូវការ។ លោកចាត់ទុកការសម្រេចនេះ គឺជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា។

យ៉ាងណាក៏ដោយ ជាមួយ​ការ​សម្រេច​អនុញ្ញាតនេះ គយចិនក៏​បាន​បញ្ជាក់ដែរថា ស្ថិតក្នុងស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ ខ្លួន​ស្នើ​ដល់ភាគីកម្ពុជាពង្រឹងការត្រួតពិនិត្យបន្ថែមទៀតលើជលផលដែលនាំទៅកាន់ប្រទេសចិន ដោយ​ត្រូវប្រកាន់ខ្ជាប់កិច្ចទប់ស្កាត់លើជំងឺវីរុសឲ្យ​បានល្អប្រសើរ ហើយ​បុគ្គលិកក្រុមហ៊ុនត្រូវអនុវត្តតាមលក្ខខណ្ឌទប់ស្កាត់ជំងឺវីរុសឲ្យ​បានម៉ឺងម៉ាត់ មានដូចជាស្លៀកសម្លៀកបំពាក់ការងារ ពាក់ម៉ាស និងស្រោមដៃឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការបំពុលដល់ជលផលនិងការវេចខ្ចប់ខាងក្រៅ៕