នៅព្រលប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ សាកល្បង នៅថ្ងៃទី២០ មិថុនា ២០២១ខាងមុខនេះ តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសារជាសំឡេងបន្ទាន់ នៅព្រលប់ថ្ងៃទី៩ ខែមិថុនានេះដែរ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការបោះឆ្នោតសាកល្បងនោះឡើយ។ មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ រាប់រយនាក់ក្នុង១ថ្ងៃៗនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍លើកឡើងថា យើងគោរពឯករាជ្យភាពរបស់ គ.ជ.ប តែ គ.ជ.ប ក៏ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងសម្ពាធពីការវ៉ៃលុករបស់កូវីដផង និងការស្តារសេដ្ឋកិច្ចឡើងវិញផង៕