សង្គម

ក្រសួងប្រាប់​ឲ្យ​ប្រជានេសាទ និង​អ្នក​ដំណើរ​សមុទ្រប្រុងប្រយ័ត្ន ព្រោះចាប់ពីថ្ងៃស្អែកទៅ​កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ខ្លាំង រួមជាមួយខ្យល់កន្រ្តាក់

តាមសេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅព្រឹក​ថ្ងៃនេះ​បាន​ឲ្យដឹងថា ចាប់ពីថ្ងៃទី៩-១២ ខែមិថុនា ឆ្នាំ​២០២១ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពីខ្យល់មូសុងនិរតីខ្លាំង ជាមួយ​នឹង​ប្រព័ន្ធ​សម្ពាធទាប, ហើយ​ពីថ្ងៃទី១៣-១៥ ខែមិថុនា កម្ពុជា ក៏​នឹង​ទទួល​ឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និង​ជ្រលង នៃ​កូន​ព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​តំបន់វាល​ទំនាប​កណ្តាលមានភ្លៀង​ផ្គរ រន្ទះ ផ្លេកបន្ទោរ ពីបង្គួរ​ទៅច្រើន​ជាមួយ​ខ្យល់​កន្រ្តាក់ខ្លាំងរាយប៉ាយ​នៅ​ភាគ​ពាយ័ព្យ និង​ភាគ​ខាងត្បូង។

សម្រាប់​បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន នឹង​មាន​ភ្លៀង​ ផ្គររន្ទះ ផ្លេកបន្ទោរ ពីបង្គួរ​ទៅច្រើន ជាមួយ​នឹង​ខ្យល់កន្រ្តាក់ខ្លាំង​រាយប៉ាយ​នៅ​ភាគឦសានភាគ​ខាងជើង ជួរភ្នំដងរែក និង​ជួរ​ភ្នំក្រវាញ។

ដោយ​ឡែក​តំបន់មាត់សមុទ្រ​វិញ នឹង​មាន​ភ្លៀង​ផ្គរ រន្ទះ ផ្លេកបន្ទោរ ច្រើនជាមួយ​និងខ្យល់​កន្រ្តាក់ខ្លាំង រលក​សមុទ្រ​ខ្ពសៗ ។ ដូច្នេះ​ក្រសួងស្នើ​ដល់បងប្អូនប្រជានេសាទ និង​អ្នក​ដំណើរ​សមុទ្រ សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះបាតុភូត​ភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ៕