ចាប់ពីថ្ងៃ០៥-០៦ ខែមិថុនា កន្លងទៅនេះ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៦,៦៩៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៥,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩១២ នាក់។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ក្នុងនោះគោលដៅទេសចរណ៍សំខាន់ៗ ដែលគេនាំគ្នាទៅ រួមមាន៖ ខេត្តក្រចេះ៖ ១០,២២៥ នាក់ ខេត្តបាត់ដំបង៖ ៩,៤៧០ នាក់ ខេត្តកំពត៖ ៩,២៩២ នាក់ ខេត្តព្រះសីហនុ៖ ៨,៧៩០ នាក់ ខេត្តសៀមរាប៖ ៦,៩៧៩ នាក់ ខេត្តកំពង់ស្ពឺ៖ ៦,៧២៣ នាក់។
បើតាមលោក ថោង ខុន ថា ចំនួននេះមានការកើនឡើងប្រមាណ ៧.១៩% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា កាលពីឆ្នាំ២០២០នោះ គឺថយចុះដល់ទៅ ៤៩.៨៨%។
យ៉ាងណាក៏ដោយ គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងអេកូទេសចរណ៍ថ្មីៗមួយចំនួន ដែលមានវិសាលភាពធំទូលាយ និងមានហានិភ័យទាប បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងបរិបទកូវីដនេះ ដូចជា សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារី និងកោះសាមសិប នៃខេត្តក្រចេះ តំបន់អេកូទេសចរណ៍នេះទទួលបានភ្ញៀវទេសចរច្រើន ខណៈពីដើមឡើយមិនទាន់មានភ្ញៀវទៅទស្សនាច្រើននោះឡើយ៕