កាលពីពេលថ្មីៗនេះ ពលរដ្ឋរាប់រយនាក់រស់នៅភូមិកំពង់ព្រះ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំគ្នាតវ៉ា ក្រោយពីឃើញក្រុមឆ្មាំយាមអន្លង់អភិរក្សមេពូជត្រីអន្លង់ចិន បែរជានាំគ្នាហ៊ុំព័ទ្ធចាប់ត្រីក្នុងតំបន់អភិរក្ស ខណៈខ្លួនគឺជាអ្នកតែងចាប់ពលរដ្ឋដែលហ៊ានចូលនេសាទក្នុងតំបន់នោះ។
ក្រោយទទួលបានព័ត៍មាននេះ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានចាត់តាំងលោកកង វន្ថាអភិបាលរងស្រុកដឹកនាំកំលាំងចម្រុះចុះទៅដល់កន្លែងកើតហេតុ ហើយបានដកហូតយកសម្ភារៈល្មើសនិងធ្វើកំណត់ហេតុសាកសួរមនុស្សចំនួន១១នាក់ ដោយមានអ្នកប្រព្រឹត្ត៩នាក់ និងអ្នកបញ្ជាឲ្យធ្វើសកម្មភាព២នាក់ទៀតគឺលោក អុិន ជឿន ប្រធានសហគមន៍នេសាទកំពង់រាប និងម្នាក់ទៀតឈ្មោះ រស់ ប៉ុន ជាអនុប្រធានសហគមន៍។ ហើយក្រោយធ្វើកំណត់ហេតុរួចរាល់ក្រុមអាជ្ញាធរស្រុកបានប្រគល់ទៅអោយមន្រ្តីជំនាញរដ្ឋបាលជលផលចាត់ការបន្ត។
តាមលោក រស់ ប៉ុន អនុប្រធានសហគមន៍នេសាទកំពង់រាបបានឲ្យដឹងថា លោកធ្វើតាមតែការបញ្ជាពីលោក អុិន ជឿន ជាប្រធានសហគមន៍នោះទេ។
លោក រស់ ប៉ុន បានថ្លែងថា លោក អុិន ជឿន អ្នកបញ្ជាឲ្យលោកទៅជួលស្បៃអ៊ួនដើម្បីយកទៅហ៊ំពន្ធ័ចាប់ត្រីក្នុងអន្លង់ តែម្ចាស់អ៊ួនគេមិនព្រមជួលឲ្យទេ ទាល់តែប្រធានសហគមន៍ទៅជួលទើបគេព្រមជួលឲ្យ ព្រោះគេខ្លាចខុសច្បាប់ ហើយក្រោយមកលោក អុិន ជឿន ក៏ទៅជួលអ៊ួនដោយខ្លួនឯង និងបានឲ្យយកទៅក្រុមឆ្មាំប្រព្រឹត្តបទល្មើសតែម្ដងទៅ។
ជុំវិញករណីខាងលើនេះ យើងមិនអាចសុំការបំភ្លឺពីលោក អុិន ជឿន ប្រធានសហគមន៍នេសាទកំពង់រាបបានទេ។
ពាក់ព័ន្ធករណីនេះ លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវបានថ្លែងថា ជំនាញរបស់លោកបានទទួលកំណត់ហេតុ និងវត្ថុតាងពីអាជ្ញាធរស្រុករួចហើយឃើញថា មានជនល្មើស១១នាក់ពិតមែន ហើយកម្លាំងរបស់លោកកំពុងបន្តនិតិវិធី។
លោកបានបញ្ជាក់ទៀតថា បទល្មើសនេះជនសង្ស័យអាចប្រឈមផ្លូវច្បាប់ជាប់ពន្ធនាគាពី៣ឆ្នាំទៅ៥ឆ្នាំយោងតាមមាត្រា៩៨ស្ដីពីច្បាប់រដ្ឋបាលជលផល៕